សម្តេចធិបតី៖ “គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺទប់ស្កាត់ និងលុបបំបាត់នូវការប្រកាន់គោលជំហររើសអើង ឬមួយទស្សនជ្រុលនិយមមិនឱ្យកើតមាននៅលើទឹកដីកម្ពុជា បូករួមទាំងការចូលរួមរបស់សហគមន៍ផងនោះ ធ្វើឱ្យទូទាំងប្រទេសកម្ពុជាបន្តថែរក្សានូវសុខសន្តិភាព និងសុខដុមរមនាក្នុងវិស័យសាសនា “។
សង្គ្រាមមិនចាំបាច់កើតឡើងដោយសារអាវុធនោះទេ អ្វីដែលកើតឡើងមុនគេគឺ ជម្លោះនៅក្នុងចិត្តរបស់មនុស្ស ការប្រកាន់នូវការរើសអើង ការលាបពណ៌គ្នា ការឱ្យស្អប់សញ្ជាតិនេះ សាសនានោះ គឺជាកត្តាដែលធ្វើឱ្យមនុស្សឈានទៅដល់ការស្អប់ និងបង្កជម្លោះ។ ផ្ទុយទៅវិញ ប្រសិនជាមានភាពកក់ក្ដៅ យោគយល់គ្នា ការស្រឡាញ់គ្នា គឺរក្សានូវសុខដុមរមនា ការគោរពគ្នាទៅវិញទៅមក ដែលអាចឱ្យយើងថែរក្សានូវសន្តិភាពបាន។
ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មកនោះ គ្រប់សាសនាទាំងអស់នៅកម្ពុជាចាប់ផ្ដើមរស់រានឡើងវិញដូចគ្នា ទទួលឱកាសក្នុងការគោរពប្រតិបត្តិដូចគ្នា និងមានការជំរុញលើកទឹកចិត្តដូចគ្នា ដោយមិនមានការរើសអើងនោះឡើយ។